បំណងប្រាថ្នា ៣ចុងក្រោយ របស់ស្ដេចមួយអង្គ ដែលគ្រប់គ្នាមិនដឹង
សង្គមមនុស្សបច្ចុប្បន្ន រស់នៅដោយការចង់មានបានជ្រុល រហូតហានធ្វើគ្រប់យ៉ាង ហានលះបង់គ្រួសារ ឈ្លោះបងប្អូន បោះបង់សុភមង្គល រហូតដល់ជីវិតចុងក្រោយដេកលើគ្រែពេទ្យ ក៏នឹកស្ដាយក្រោយថា តើការប្រឹងប្រែងទាំងអស់នេះបំពេញន័យយ៉ាងណាឲ្យជីវិត។ តាមពិត ពេលកំពុងមានបាន មនុស្សចេះតែចង់បានបន្តទៀត ដោយមិននឹកឃើញអ្វីឡើយ តែលុះដល់ថ្ងៃចុងក្រោយ ទើបនឹកស្ដាយគ្រប់គ្នា។ ជាក់ស្ដែង អធិរាជដ៏ល្បីឈ្មោះមួយអង្គនៅចក្រភពក្រិកបុរាណ Alexander the Great បានបន្សល់បំណងប្រាថ្នា ៣យ៉ាង ដែលមនុស្សជាច្រើនធ្លាប់អានហើយ ចាប់ផ្ដើមនឹកគិតឡើងវិញ។
បំណងប្រាថ្នា ៣ចុងក្រោយ របស់ស្ដេចមួយអង្គ |
- ប្រាថ្នាទី១៖ សូមរកគ្រូពេទ្យពូកែៗ មកសែងមឈូសរបស់ខ្ញុំ
ព្រះអង្គ Alexander the Great បានមានព្រះបន្ទូលថា ព្រះអង្គចង់ឲ្យគ្រូពេទ្យពូកែទាំងអស់ មកសែងមឈូសរបស់ទ្រង់ ព្រោះចង់ឲ្យគ្រប់គ្នាដឹងថា នៅលើលោកនេះគ្មានគ្រូពេទ្យណាអាចព្យាបាលមនុស្សឲ្យរស់ឡើងវិញទេ ទោះបីពូកែយ៉ាងណាក៏ដោយ។ ដូចនេះ ពេលនៅរស់ ត្រូវប្រើពេលវេលាឲ្យមានតម្លៃ ហើយជិតដល់ថ្ងៃស្លាប់ ត្រូវទទួលយកការពិតតាមច្បាប់ធម្មជាតិ។
ជីវិតមនុស្សម្នាក់ៗមិនទៀងនោះទេ ព្រោះមិនដឹងថាពេលណាដល់ថ្ងៃចុងក្រោយ ហើយបញ្ចប់នៅត្រង់ណា។ តែអ្វីដែលទៀងទាត់បំផុត គឺពេលវេលា ២៤ម៉ោងក្នុងមួយថ្ងៃ ហើយគ្រប់គ្នាសុទ្ធតែមានស្មើៗគ្នា។ ពេលវេលាមិនចាំមនុស្សទេ មួយវិនាទី ឬមួយនាទីក្ដី គប្បីធ្វើអ្វីដែលមានប្រយោជន៍ ធ្វើអ្វីដែលអាចនាំខ្លួនជួបសេចក្ដីសុខ និងភាពរីករាយ។ នៅពេលធ្លាក់ខ្លួនឈឺ នៅពេលជិតដល់ដង្ហើមចុងក្រោយ នៅពេលអស់វេលាហើយ គ្រូពេទ្យពូកែយ៉ាងណាក៏មិនអាចជួយមនុស្សរស់ឡើងវិញបានដែរ។
- ប្រាថ្នាទី២៖ សូមយកទ្រព្យសម្បត្តិដែលខ្ញុំមាន ក្រាលធ្វើផ្លូវហែសពខ្ញុំ
ព្រះអង្គ Alexander the Great បានមានព្រះបន្ទូលថា មាស ប្រាក់ ដែលទ្រង់រកបាន សុទ្ធតែជារបស់ក្រៅខ្លួនទាំងអស់ ហើយនៅពេលព្រះអង្គសុគត មិនអាចយកទៅតាមសូម្បីមួយកាក់មួយសេនណា បើទោះព្រះអង្គប្រឹងប្រែងគ្រប់គ្រងអំណាចរហូតមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក្ដី។ ព្រះអង្គបានមានព្រះបន្ទូលថា គ្រប់គ្នាគួរកុំចំណាយពេលដ៏មានសុភមង្គលក្នុងជីវិត ប្រឹងស្រវាឱបភាពមានបានខ្លាំងពេក ព្រោះដល់ថ្ងៃចុងក្រោយនៃជីវិត នឹងនឹកស្ដាយក្រោយ។
- ប្រាថ្នាទី៣៖ សុំកាត់ដៃ ដាក់បង្ហាញមកក្រៅមឈូស
ព្រះអង្គ Alexander the Great បានមានព្រះបន្ទូលថា មនុស្សកើតមកដៃទទេ ហើយពេលស្លាប់ទៅវិញក៏ដៃទទេដែរ ប៉ុន្តែអ្វីដែលមានតម្លៃបំផុតគឺពេលវេលា។ គ្រប់គ្នាអាចរកបាន មាស ប្រាក់ លុយកាក់ តែមិនអាចបង្កើនពេលវេលាបន្ថែមសម្រាប់ជីវិតបានទេ ទោះមានលុយច្រើនយ៉ាងណាក៏ដោយ។ ពេលដែលយើងឈរឈ្លោះជាមួយនរណា ១នាទី គឺយើងបាត់បង់សុភមង្គលខ្លួនឯង ១នាទីដូចគ្នា។ ដូចនេះ ត្រូវសួរខ្លួនឯងថា រាល់ថ្ងៃប្រើពេលវេលាធ្វើអ្វីខ្លះ? នៅសល់ពេលវេលាប៉ុន្មានទៀតសម្រាប់ជីវិតខ្លួនឯង?
ព្រះចៅអធិរាជ Alexander the Great ប្រសូតនៅឆ្នាំ៣៥៦ មុនគ្រឹស្តសករាជ និងសោយរាជ្យដឹកនាំចក្រភពក្រិកបុរាណ ឲ្យល្បីរន្ទឺអស្ចារ្យ ព្រោះព្រះអង្គជាអ្នកចម្បាំងពូកែខាងសឹកសង្គ្រាម។ ក្រោមការដឹកនាំរបស់ព្រះអង្គ ចក្រភពក្រិកបានក្លាយជាដែនដីធំបំផុតលើលោក នាសម័យបុរាណ ហើយទឹកដីនោះបានលាតសន្ធឹកមកដល់ប្រទេសឥណ្ឌា នៃទ្វីបអាស៊ី។ ទោះបែបនេះក្ដី ព្រះអង្គបានបង្ហាញព្រះកាយលើផែនដីត្រឹម ៣២ឆ្នាំប៉ុណ្ណោះ។
នៅឆ្នាំ៣២៣ មុនគ្រិស្តសករាជ ព្រះចៅអធិរាជ Alexander the Great បានសុគតទៅវិញ ក្នុងព្រះជន្ម ៣២ព្រះវស្សា ដោយសារជំងឺគ្រុនយ៉ាងធ្ងន់ធ្ងរ គ្មានគ្រូពេទ្យណាអាចព្យាបាលបាន។ ព្រះរាជពិធីបុណ្យសព របស់វីរបុរសក្រិករូបនេះ ចាយលុយសរុបជាង ៦០០លានដុល្លារ (គិតលុយបច្ចុប្បន្ន)។ ព្រះសពទ្រង់ត្រូវបានដាក់ក្នុងមឈូសធ្វើពីមាសសុទ្ធ ដឹកដោយរទេះមាសសុទ្ធ ហើយរទេះនេះត្រូវការសេះរហូតទៅ ៦០ក្បាល ដើម្បីអូសហែព្រះសពទ្រង់ពី Babylon (តំបន់មួយផ្នែកនៅមជ្ឈិមបូព៌ា) ទៅក្រិកដែលជាស្រុកកំណើតទ្រង់។
តាមពិត អត្ថន័យនៃបំណងប្រាថ្នា៣ ចុងក្រោយរបស់ ព្រះចៅអធិរាជ Alexander the Great មិនមែនបង្អាក់មនុស្សពីសកម្មភាពប្រចាំថ្ងៃ និងចិត្តចង់មានបាននោះឡើយ។ ប៉ុន្តែទ្រង់គ្រាន់តែចង់បញ្ជាក់ថា លុយកាក់ មាសប្រាក់ ជារបស់ក្រៅខ្លួន មិនគួរលោភលន់ដល់ថ្នាក់លះបង់សុភមង្គលខ្លួនឯង លែងគិតពីញាតិមិត្ត លែងដឹងខុសត្រូវនោះទេ។ ពេលវេលាចេះតែដើរទៅមុខ គប្បីប្រើប្រាស់វាឲ្យមានតម្លៃ មិនថាមួយនាទី មួយម៉ោង ឬមួយថ្ងៃក៏ដោយ។
មនុស្សតែងឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិត ទាំងសប្បាយ និងកើតទុក្ខ ប៉ុន្តែគេចមិនផុតពីដំណាក់កាលទាំង៤ នៃសុភមង្គលក្នុងជីវិត ដែលជាការសប្បាយពិតគ្មានកង្វល់។ បើអ្នកបានយល់ពីអត្ថន័យសុភមង្គលទាំង ៤ដំណាក់កាល ចេះចែកវាបានដាច់ នោះអ្នកនឹងស្គាល់ការសប្បាយ ច្រើនជាងទុក្ខកង្វល់។
- ១. ក្មេង សប្បាយអត់ខ្វល់ចិត្ត
ជឿជាក់ថា មនុស្សគ្រប់រូប សុទ្ធតែស្រមៃចង់វិលទៅរកអតីតកាល ចង់ក្លាយជាក្មេងតូច ដែលរត់លេងសប្បាយអត់មានខ្វល់ខ្វាយក្នុងជីវិត។ ប៉ុន្តែវាមិនអាចត្រលប់ក្រោយ ព្រោះនេះជាដំណាក់កាលចាប់ផ្ដើមនៃជីវិត ដើម្បីឲ្យមនុស្សស្វែងយល់ អ្វីជាការសប្បាយ ដោយជ្រះស្រឡះក្នុងចិត្ត គ្មានខ្វល់រឿងរ៉ាវជីវិត ដើម្បីឲ្យពួកគេចង់រស់នៅបន្តដំណើរទៅមុខ។
នេះហើយ ជាជំហានដំបូងនៃសុភមង្គល ដែលធ្វើឲ្យអ្នកចាប់ផ្ដើមបង្កើតអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ ការចងចាំទាំងនោះហើយ ជាតំណក់ទឹកធ្វើឲ្យជីវិតស្រស់បំព្រង យល់ថាពិភពលោកគួរឲ្យចង់រស់នៅប៉ុណ្ណា។ ទោះក្មេងដែលកើតមក រងការធ្វើបាប រងការគាបសង្កត់កម្លាំងកាយចិត្តយ៉ាងណា ក៏ពួកគេចង់រស់ដែរ ព្រោះពួកគេបានស្គាល់សុភមង្គលនៃជីវិត ចង់ឃើញ និងរង់ចាំអ្វីល្អៗកើតឡើងបន្ទាប់។
នេះហើយ ជាជំហានដំបូងនៃសុភមង្គល ដែលធ្វើឲ្យអ្នកចាប់ផ្ដើមបង្កើតអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ ការចងចាំទាំងនោះហើយ ជាតំណក់ទឹកធ្វើឲ្យជីវិតស្រស់បំព្រង យល់ថាពិភពលោកគួរឲ្យចង់រស់នៅប៉ុណ្ណា។ ទោះក្មេងដែលកើតមក រងការធ្វើបាប រងការគាបសង្កត់កម្លាំងកាយចិត្តយ៉ាងណា ក៏ពួកគេចង់រស់ដែរ ព្រោះពួកគេបានស្គាល់សុភមង្គលនៃជីវិត ចង់ឃើញ និងរង់ចាំអ្វីល្អៗកើតឡើងបន្ទាប់។
- ២. ដឹងក្ដី រំភើបចិត្តនឹងស្នេហា សប្បាយចិត្តនឹងភាពជោគជ័យ
ចាប់ពីអាយុ ១២ឆ្នាំ ពោលគឺចាប់ផ្ដើមឆ្លងផុត ថ្នាក់បឋមសិក្សា មនុស្សជាច្រើនចាប់ផ្ដើមដឹងក្ដី ចេះខ្មាសអៀន លែងធ្វើសកម្មភាពដូចជាក្មេងទៀតហើយ។ ពួកគេនឹងចាប់ផ្ដើមស្វែងរកភាពជោគជ័យលើរឿងគ្រប់យ៉ាង ចង់បានពិន្ទុល្អ ដើម្បីឲ្យគេសរសើរថាពូកែ, ចង់ស្លៀកពាក់ស្អាតបាត ដើម្បីឲ្យគេសរសើរថាសង្ហា, ចង់ប្រើរបស់ល្អ ដើម្បីឲ្យគេមើលឃើញថាឡូយ… រឿងទាំងនេះ បើមិននិយាយចេញមក ក៏គិតក្នុងចិត្តដែរ គ្មាននរណាអាចឆ្លងផុតឡើយ។
ក្រោយមក ពួកគេចាប់ផ្ដើមរំភើបចិត្ត នឹងក្ដីស្រលាញ់ មានអារម្មណ៍ថាហើបផុតពីដីពេលស្រមៃដល់មនុស្សខ្លួនស្រលាញ់ ឬបើបាននៅក្បែរទៀត មិនដឹងថាពិភពលោកមានន័យយ៉ាងណា។ មនុស្សម្នាក់ៗ ឆ្លងកាត់អារម្មណ៍ស្រលាញ់គេ ក្នុងដំណាក់កាលនេះ មិនក្រោម ៥នាក់ឡើយ គ្រាន់តែពេលខ្លះគេដឹង ពេលខ្លះគេមិនដឹង។
មនុស្សដឹងក្ដីឡើង សុទ្ធតែឆ្លងកាត់អារម្មណ៍បែបនេះ ហើយវាក៏ជាសុភមង្គលក្នុងចិត្តពិតៗ ដែលមនុស្សជាច្រើនបានជួបប្រទះ។ នៅវ័យនេះ សប្បាយចិត្តខ្លាំង តែមានពេលខ្លះក៏កើតទុក្ខគិតក្នុងចិត្តតិចៗ ចេះពិបាកចិត្ត នឹងភាពបរាជ័យ ជាពិសេសពិបាកទ្រាំនឹងអារម្មណ៍លួចស្រលាញ់គេ តែវាក៏ជាសុភមង្គលដ៏ចម្លែក ខុសពេលនៅក្មេង ដែលមានតែសប្បាយ។
- ៣. វ័យកណ្ដាល សប្បាយនឹងជីវិតគ្រួសារ
ចូលដល់វ័យនេះ សុភមង្គលមិនមែនលើក្ដីស្រលាញ់ ឬស្នេហាឡើយ គឺសុភមង្គលនឹងការគិតពីអនាគតដ៏វែងឆ្ងាយ។ ចាប់ពីអាយុ ២២ឆ្នាំឡើងទៅ ពោលគឺរៀនចប់បរិញ្ញាបត្រ អារម្មណ៍អ្នកនឹងច្របូកច្របល់ ចាប់ផ្ដើមគិតថា មិនដឹងកសាងគ្រួសារបែបណា មានសុភមង្គល។ តើរៀបការជាមួយមនុស្សដែលស្រស់ស្អាតត្រូវភ្នែក ឬរៀបការជាមួយមនុស្សដែលត្រូវចិត្ត។
ដល់ចំណុចនេះ មនុស្សជាច្រើនចាប់ផ្ដើម Stress នឹងជីវិត ព្រោះតែការគិតអនាគតនេះឯង។ អស់ហើយ ការរំភើបចិត្តនឹងស្នេហាបែបក្មេងវ័យ បែរចាប់ស្រមៃសុភមង្គលពេលរៀបការ ស្រមៃដល់ពេលមានកូន ជុំគ្រួសារ ស្រមៃដល់ពេលជួបជុំគ្នាយ៉ាងមានក្ដីសុខ។ នោះហើយជាសុភមង្គលពិត នៅក្នុងដំណាក់កាលនេះ។
ប៉ុន្តែមនុស្សជាច្រើន ពិបាកឆ្លងផុតដំណាក់កាលនេះណាស់ ព្រោះច្របូកច្របល់ចេញមិនផុតពីដំណាក់កាលទី២។ បើប្រទាក់ក្រឡា នឹងស្នេហា ដោយមិនគិតអនាគត នៅតែរំភើបចិត្តនឹងការស្រលាញ់រហូតងប់ងុល នោះសុភមង្គលនៅដំណាក់កាលទី៣ ប្រាកដជាលាយឡំដោយទឹកភ្នែកជូតក្បាលជង្គង់។
ដើម្បីស្វែងរកសុភមង្គលនៅដំណាក់កាលនេះ គួរចេញឲ្យផុតពីដំណាក់កាលទី២ រួចចាប់ផ្ដើមគិតអនាគត រកមនុស្សត្រូវចិត្ត អាចរួមរស់ជាមួយគ្នាបាន ដោយកុំគិតរំភើបចិត្តចង់បានតែមនុស្សដែលខ្លួនស្រលាញ់ ព្រោះពេលខ្លះសុភមង្គលមិនមែនកើតចេញពីស្នេហាទេ គឺវាកើតចេញពីគ្រួសារដ៏កក់ក្ដៅមួយ។
- ៤. ចាស់ សប្បាយលើកចុងក្រោយ
ធ្លាប់ឮទេ ពាក្យថា សប្បាយផ្ដាំចាស់? នេះហើយជាសុភមង្គលចុងក្រោយនៃជីវិត។ មនុស្សមិនច្រើនទេ ដែលរកសុភមង្គលក្នុងដំណាក់កាលនេះបាន។ ដំណាក់កាលនេះ សុភមង្គលកើតចេញពីខ្លួនឯងផ្ទាល់ កើតចេញពីការគ្រប់គ្រងចិត្តបានល្អ។ កុំប្រកាន់ថាខ្លួនឯងចាស់ កុំទើសភ្នែកជាមួយអ្នកដទៃ ត្រូវសប្បាយដូចពេលនៅក្មេង នោះហើយជាសុភមង្គល។
ប៉ុន្តែមនុស្សចាស់ជាច្រើន ដែលប្រកាន់ចិត្ត ខឹង ទើសភ្នែក មួម៉ៅ ខ្លាចស្លាប់ នាំឲ្យមានតែទុក្ខ រកមិនឃើញភាពសប្បាយ។ ចង់បានសុភមង្គលនៅដំណាក់កាលនេះ ត្រូវប្រែខ្លួនឲ្យដូចជាក្មេង ដែលមិនគិតអ្វីសោះ ស្វែងរកសប្បាយដាក់ខ្លួនប្រកបដោយចិត្តជ្រះថ្លា៕
បំណងប្រាថ្នា ៣ចុងក្រោយ របស់ស្ដេចមួយអង្គ ដែលគ្រប់គ្នាមិនដឹង
Reviewed by Komsan4KhmerHD
on
February 27, 2018
Rating: